និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្រោះជូជក ៖ គ្រោះអាសន្នដែលគេចមិនរួច ។
អត្ថាធិប្បាយ គ្រោះជូជក
ជូជក ជាឈ្មោះស្មូមយាចកម្នាក់នៅក្នុងគម្ពីរព្រះមហាវេស្សន្ដរជាតក (កណ្ឌជូជក) ។ តាជូជកនេះមានរូបកាយអាក្រក់ មើលឃើញគួរឲ្យខ្លាច និងខ្ពើម ។
មួយថ្ងៃទៅមួយថ្ងៃ គាត់ដើរត្រាច់រង្គាត់គ្រប់ច្រកល្ហក និងគ្រប់ភូមិស្ថានដើម្បីសុំទានគេ ។ គាត់សុំពុំរើសថាជាអ្វីទេ ។ គាត់សុំតាំងពីជី ស្លឹកគ្រៃ អំបិល ប្រហុក មាស ប្រាក់ រហូតដល់សុំចៅជាលី ក្រឹស្នា ដែលជាព្រះរាជបុត្រាបុត្រីរបស់ព្រះមហាវេស្សន្ដរទៀតផង ។
ប៉ុន្តែ ពេលជិតទៅដល់អាស្រមសាលាក៏ជួបនឹងចេតបុត្រ ជាអង្គរក្សដែលព្រះបាទស្រីសញ្ជ័យចាត់ឲ្យមកការពារព្រះវេស្សន្ដរ ។ ចេតបុត្រឃើញតាជូជកក៏បង្អៅឆ្កែឲ្យដេញខាំ ។ តាជូជកភ័យពេកក៏ប្រវាឡើងដើមឈើ ។ ពេលគាត់ឡើងទៅដល់មែកខាងលើអាចផុតពីគ្រោះថ្នាក់ឆ្កែខាំហើយ តែគាត់ជួបនឹងសម្បុកឃ្មុំមួយយ៉ាងធំ ។ គាត់ក៏ប្រវាតោងទៅមែកម្ខាងទៀត តែមែកនោះងាប់ ។ គាត់មើលមកក្រោមឃើញចេតបុត្រកំពុងយឺតធ្នូបាញ់ ។
គ្រោះអាសន្នបែបនេះលោកហៅថា «គ្រោះជូជក» ព្រោះមិនដឹងជាត្រូវដោះស្រាយយ៉ាងណា
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គាស់ក្រោលទាំងថ្ងៃត្រង់ – សុភាសិតខ្មែរអធិប្បាយ