Tuesday , December 3 2024

រឿងបុរសជីកក្តាម – រឿងព្រេងខ្មែរ

រឿងបុរសជីកក្តាម – រឿងព្រេងខ្មែរ ៖ មាន​បុរស​ប្ដី​ប្រពន្ធ​មាន​កូន​ប្រុស​មួយ កូន​នោះ​អាយុ​បាន ១២ ឆ្នាំ មាតា​ស្លាប់​នៅ​តែ​ឳពុក​ពោះម៉ាយ ។ ឳពុក​ក៏​ធ្វើ​របរ​លក់​ដូរ​តែ​ពីរ​នាក់​នឹង​កូន លក់​មិន​ដាច់​រឹត​តែ​ក្រ​ទៅ ក្រោយ​មក​ឳពុក​អនិច្ច​កម្ម​ទៅ​ទៀត​កូន​នៅ​តែ​ម្នាក់​ឯង​រក្សា​ផ្ទះ​សម្បែង ។ ឳពុក​ស្លាប់​ទៅ ៥ ថ្ងៃ​ក៏​មក​ពន្យល់​សប្ដិ​កូន​ថា “កូន​ឯង​ ក្រ​លំបាក​ណាស់ យើង​ជា​ឳពុក​គ្មាន​របរ​អ្វី​នឹង​ឲ្យ​ទេ ដូច្នេះ​ឲ្យ​កូន​ទៅ​ជីក​ក្ដាម​នៅ​ក្រោម​ខ្ទម​អ្នកតា នា​ទិស​ឥសាន​ផ្ទះ​យើង​យក​ទៅ លក់​ចិញ្ចឹម​ជីវិត​រៀង​រាល់​ថ្ងៃ​ចុះ វេលា​ព្រឹក​ ថ្ងៃ​រះ​ឡើង​កាលណា ឲ្យ​កូន​ទៅ​ជីក​រាល់​ថ្ងៃ​កុំ​ខាន” ។

លុះ​ភ្លឺ​ឡើង កូន​នោះ​ភ្ញាក់​ឡើង​ចាំ​ជាក់​នូវ​និមិត្ត​សព្វ​គ្រប់​ក៏​ចាប់​យក​ចប​ដើរ​ តម្រង់​ទៅ​ខ្ទម​អ្នក​តា​ជីក​ទៅ​ឃើញ​ក្ដាម​មួយ​ប្រាកដ​មែន រួច​យក​ក្ដាម​នោះ​ទៅ​លក់​ឲ្យ​អ្នក​ផ្សារៗ ក៏​ទិញ​យក ។ បុរស​នោះ​បាន​ប្រាក់​ហើយ​ត្រឡប់​មក​វិញ ។

ថ្ងៃ​ក្រោយ វេលា​ព្រឹក​ទៅ​ជី​ក្ដាម​នៅ​ទី​កន្លែង​ដដែល​នោះ​បាន​ក្ដាម​មួយ​យក​ទៅ​លក់​ឲ្យ ​អ្នក​ផ្សារ​ទៀត គេ​ក៏​ទិញ​យក ។ បុរស​នោះ​ត្រឡប់​មក​ផ្ទះ ។

នៅ ​ទី​នោះ មាន​មហាសេដ្ឋី​ម្នាក់​មាន​កូន​ក្រមុំ​ច្រើន កូន​ស្រី​បង​ទាំង​ប៉ុន្មាន មហាសេដ្ឋី​រៀប​ឲ្យ​មាន​ប្ដី​ទាំងអស់ នៅ​តែ​កូន​ស្រី​ម្នាក់​ឈ្មោះ​នាង​ពៅ​គឺ​កូន​ពៅ​ប្រកែក​មិន​ព្រម​យក​ប្ដី មហាសេដ្ឋី​ជា​ឳពុក​ម្ដាយ​បង្ខំ​ឲ្យ​មាន​ប្ដី​ក៏​មិន​ព្រម​យក ។

រី ​ឯ​បុរស​នោះ​ថ្ងៃ​ក្រោយ​ទៅ ជីក​ក្ដាម​នៅ​ទី​កន្លែង​ដដែល​ទៀត​បាន​ហើយ​កាន់​យក​ទៅ​លក់ ។ នាង​ពៅ​កូន​ក្រមុំ​មហាសេដ្ឋី​បាន​ឃើញ​ក៏​ហៅ​មក​សួរ​ថា “អ្នក​កម្លោះ​យួរ​ក្ដាម​ទៅ​ណា ?” បុរស​នោះ​ជម្រាប​វា “ខ្ញុំ​យក​ទោ​លក់” ។ នាង​ពៅ​ក៏​ទិញ​យក​ហើយ​នាង​ប្រាប់​ថា “ពី​ថ្ងៃ​នេះ​ត​ទៅ បើ​អ្នក​បាន​ក្ដាម​កុំ​លក់​ឲ្យ​អ្នក​ណា អ្នក​យក​លក់​ឲ្យ​ខ្ញុំ​រាល់​ថ្ងៃ​កុំ​ខាន” ដោយ ​នាង​នោះ​មាន​ចិត្ត​ប្រតិព័ទ្ធ​នឹង​បុរស​នោះ​ណាស់ តែ​អ្នក​នោះ​មិន​ដឹង​ខ្លួន ។ បុរស​នោះ​បាន​ប្រាក់​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ។ ថ្ងៃ​ក្រោយ​បុរស​នោះ​ទៅ​ជីក​ក្ដាម​នៅ​ទី​កន្លែង​ដដែល​បាន​ទៀត រួច​យក​មក​លក់​ឲ្យ​តែ​នឹង​នាង​រាល់​ថ្ងៃ ។ នាង​នោះ​ទទួល​ទិញ​យក​មិន​ដែល​ខាន ហើយ​នាង​ពៅ​មាន​ចិត្ត​រឹត​តែ​ស្រលាញ់​បុរស​នោះ​ខ្លាំង​ឡើង ក៏​ធ្វើ​ឬកពាករ​កិរិយា​ឲ្យ​បុរស​នោះ​ដឹង ។ បុរស​នោះ​ដឹង​ជាក់ “នាង​នោះ​ស្រលាញ់​ខ្លួន​ប្រាកដ” តែ​ដោយ​ពិចារណា​ថា “ខ្លួន​សព្វ​ថ្ងៃ​ក្រីក្រ​លំបាក​ណាស់​ហើយ​កំព្រា​ផង” ក៏​មិន​ហ៊ាន​និយាយ​ថា​ម្ដេច​ឡើយ ។

ចំណែក ​បង​ស្រី​ប៉ុន្មាន​នាក់ បាន​ឃើញ​នាង​ពៅ​ជា​ប្អូន​ធ្វើ​ឬកពារ​កិរិយា​ស្រលាញ់​បុរស​លក់​ក្ដាម​នោះ​ពន់ ​ពេក ក៏​នាំ​គ្នា​ទៅ​ជម្រាប​មហាសេដ្ឋី​ជា​មាតាបិតា​ថា “នាង​ ពៅ​ជា​ប្អូន​ធ្វើ​ឬកពារ​ស្រលាញ់​បុរស​ជីក​ក្ដាម​នោះ​ក្រៃ​ពេក​បុរស​នោះ​បាន​ ក្ដាម​ចេះ​តែ​យក​មក​លក់​ឲ្យ​តែ​នាង​ពៅ​ៗ ទទួល​ទិញ​រាល់​តែ​ថ្ងៃ​រួច​ធញវើ​ឬកពារ​កិរិយា​ស្រលាញ់​បុរស​នោះ​ណាស់ ខ្ញុំ​ទាំងអស់​និយាយ​ឬូន្មាន​ដូច​ម្ដេច​ក៏​មិន​ព្រម​ស្ដាប់​តាម រឹត​តែ​ធ្វើ​ខ្លាំង​ឡើងៗ” សេដ្ឋី​ជា​មាតាបិតា​ឮ​ដូច្នេះ​ច្រឡោត​ខឹង​ឲ្យ​ហៅ​នាង​ពៅ​មក​ជេរ​បន្ទោស​ត្មះ​តិះដៀល​ថា “ហង ​នេះ​ជា​មនុស្ស​រឹង​ទទឹង​ចិត្ត​មាតាបិតា អញ​ឲ្យ​មាន​ប្ដី​ទៅ​មនុស្ស​មាន​ទ្រព្យ​សម្បត្តិ​ហង​ឯង​មិន​ព្រម​យក ឥឡូវ​ហង​ស្រលាញ់​អមនុស្ស​កំសត់​លក់​តែ​ក្ដាម​វិញ ហង​ឯង​នេះ​អាក្រក់​ណាស់ ចុះ​ចេញ​ពី​ផ្ទះ​អញ​ឲ្យ​ឆាប់​ទៅ​យក​អា​កំសត់​លក់​ក្ដាម​នោះ​ចុះ តាំង​ពី​ថ្ងៃ​នេះ​តៅ​ទៅ​ហង​ឯង​កុំ​មក​លើ​ផ្ទះ​អញ​សូម្បី​តែ​ក្នុង​ភូមិ​ក៏​ ចូល​មិន​បាន​អញ​កាត់​ចោល​ហើយ” ។ ចំណែក​មាតា​កាត់​ចិត្ត​មិន​ដាច់​នឹង​កូន​ពៅ​ក៏​លប​វេច​របស់​ស្រាលៗ​ដែល​មាន​ តម្លៃ ឲ្យ​ទៅ​ដល់​នាង​ពៅ​ជា​កូន​ ។ នាង​ពៅ​កូ​សំពះ​លា​មាតា​យក​បង្វិច​ដែល​មាតា​ឲ្យ​ចុះ​ចេញ​ពី​ផ្ទះ សំឌៅ​ទៅ ផ្ទះ​បុរស​លក់​ក្ដាម និយាយ​ប្រាប់​រឿង​ពី​មាតា​ខឹង​បណ្ដេញ​សព្វ​គ្រប់ ។ បុរស​នោះ​បាន​ស្ដាប់​ហើយ​ឆ្លើយ​តប​ថា “ខ្លួន​ខ្ញុំ​នេះ​សព្វ​ ថ្ងៃ​ក្រីក្រ​ជា​ទី​បំផុត ហើយ​កំព្រា​តែ​ម្ានក់​ឯង​ផង នាង​ត្រឡប់​ទៅ​វិញ​ចុះ ខ្ញុំ​មិន​ហ៊ាន​ទទួល​យក​នាង​ទេ​ខ្ញុំ​ខ្លាច​មហាសេដ្ឋី​ជា​បិតា​ចាប់​ទោស​យក​ ខ្ញុំ​ទៅ​សម្លាប់” ។ នាង​ពៅ​តប​ថា “ខ្ញុំ​មិន​ទៅ​វិញ​ទេ ស៊ូស្លាប់​និង​អ្នក​ហើយ” ។ បុរស​នោះ​សួរ​ថា “បើ​ដូច្នេះ​យើង​គិត​ដូច​ម្ដេច ?” នាង​ពៅ​ឆ្លើយ​ថា “បើ​អ្នក​គិត​ឃើញ​យ៉ាង​ណា​ខ្ញុំ​ទទួល​តាម” ។

បុរស ​នោះ​នាំ​នាង​ពៅ​ចេញ​ចោល​ផ្ទះ ទៅ​នៅ​ខែត្រ​ក្រៅ ហើយ​ធ្វើ​ផ្ទះ​នៅ​ជា​មួយ​គ្នា​លុះ​ព្រឹក​ឡើង​មក​ជីក​ក្ដាម​នៅ​ទី​ដដែល​យក​ទៅ ​លក់​ដូច​ថ្ងៃ​មុន​ទៀត​បាន​ប្រាក់ ហើយ​ទិញ​វត្ថុ​ផ្សេងៗ​មក​ផ្ញើរ​ប្រពន្ធ ប្រព្រឹត្ត​យ៉ាង​នេះ​ជា​ច្រើន​ថ្ងៃ ។ នាង​ពៅ​នោះ​ហេតុ​តែ​ជា​ស្រី​គ្រប់លក្ខណ៍ ក៏​ប្រតិបត្តិ​ប្ដី​មិន​ឲ្យ​ទាស់​ចិត្ត វេលា​យប់​ចូល​ដំណេក​នាង​ពៅ​និយាយ​នង​ប្ដី​ថា “ខ្ញុំ​សូម​ ចិត្ត​ប្ដី​តាំង​ពី​ថ្ងៃ​នេះ​តទៅ​អ្នក​កុំ​ទៅ ជីក​ក្ដាម​ទៀត​ឡើយ ប្រាក់​កាស​យើង​មាន​ច្រើន​ណាស់​បើ​អ្នក​ចង់​ទិញ​របស់​អ្វីៗ​តាម​ចិត្ត​អ្នក​ ទិញ​ចុះ” ។ ប្ដី​មិន​ព្រម​តាម ។

លុះ​ ព្រឹក​ឡើង​ប្ដី​កាន់​ចប​ទៅ​ជីក​ក្ដាម​ទៀត ប្រពន្ធ​ឃើញ​ដូច្នោះ​ក៏​លប​ដើរ​តាម​ទៅ​មើល​ទី​កន្លែង​ឲ្យ​បាន​ច្បាស់​មិន​ ឲ្យ​ប្ដី​ដឹង លុះ​ឃើញ​ច្បាស់​ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ ចំណែក​ប្ដី​ជិក​ក្ដាម​បាន​ហើយ​យក​ទៅ​លក់ រួច​ទិញ​ម្ហូប​ចំណី​ផ្ញើរ​ប្រពន្ធ ។

ថ្ងៃ​ក្រោយ​ប្ដី​ ទៅ កាប់​ឧស​ក្នុង​ព្រៃ​ឆ្ងាយ ។ នាង​ពៅ​បាន​ឃើញ​ប្ដី​ទៅ​រក​ឧស​ក៏​កាន់​ចប់​ទៅ​ជីក​រំលីង​នូវ​ទី​កន្លែង​ដែល​ ប្ដី​ជីក​ក្ដាម​នោះ​អស់ រួច​ត្រឡប់​មក​វិញ​ដាំ​បាយ​ធ្វើ​ម្ហូប​ចំណី​ទុក​ឲ្យ​ប្ដី​បរិភោគ ថ្ងៃ​ល្ងាច​ត្រជាក់​ប្ដី​ក​ពី​ព្រៃ​ក៏​បរិភោគ​បាន​ជាមួយ​គ្នា ។

លុះ ​ព្រឹក​ឡើង​ប្ដី​ទៅ​កាន់​ចប​ជីក​ក្ដាម​ទៀត ឃើញ​ទី​កន្លែង​ដី​នោះ​ធ្លុះធ្លាយ​រលើង​ខ្ចាត់ខ្ចាយ​អស់ ហើយ​បាន​ឃើញ​សំបក​ក្ដាម​មួយ​ធំ​ចម្លែក​ប្លែក​ស្ងួត​ស្អាត ដូច​ជា​ហាល​ថ្ងៃ​យូរ​ហើយ អ្នក​នោះ​ក៏​កាន់​សំបក​ក្ដាម​យក​មក​ទុក​ក្រោម​ផ្ទះ មិន​បាន​ប្រាប់​ភរិយា​ឲ្យ​ដឹង ។ ភរិយា​ក៏​មិន​បាន​សួរ​ប្ដី​ដូច​ម្ដេច​ឡើយ ។ ដល់​វេលា​យប់​ចុល​ដំណេក​នាង​ពៅ​កាន់​ប្រាក់​របូរ​ពី​ដៃ​មួយ​ណែន​ទៅ​ក្រោម​ ផ្ទះ​ធ្លាក់​ទៅ​លើ​សំបក​ក្ដាម​ធំ​នោះ នាង​ពៅ​ក៏​មិន​ឲ្យ​ប្ដី​ដឹង​ហើយ​គិត​ថា “ចាំ​ព្រឹក​ភ្លឺ​ច្បាស់​ឡើង​សឹប​ចុះ​ទៅ​យក​ប្រាក់​មក​ទុក​វិញ” ។ លុះ​ព្រឹក​ឡើង​នាង​ពៅ​ចុះ​ពី​ផ្ទះ​ទៅ​យក​ប្រាក់​មួយ​ណែន​ដែល​ធ្លាក់ ស្រាប់​តែ​ឃើញ​ប្រាក់​ណែន​ពេញ​សំបក​ក្ដាម នាង​អរណាស់ យក​មក​ឲ្យ​ប្ដី​ៗ​សួរ​ថា “នាង​បាន​ប្រាក់​ពី​ណា​ច្រើន​ម្ល៉េះ ?” ។ នាង​ពៅ​ជម្រាប​ប្ដី​ថា “កាល ​ពី​យប់​ម៉ិញ​ខ្ញុំ​កាន់​ប្រាក់​ដើម្បី​យក​ទៅ​ទុក​ខាង​ក្នុង ក៏​របូត​ពី​ដៃ​មួយ​ណែន​ធ្លាក់​ទៅ​ក្រោម​ផ្ទះ ខ្ញុំ​ពុំ​បាន​ចុះ​ទៅ​យក​ពីព្រោះ​គិត​ឃើញ​ថា ផ្ទះ​នៅ​ឆ្ងាយ​ពី​គេ គ្មាន​នរណា​ដឹង​ឃើញ ចាំ​ព្រឹក​ភ្លឺ​ច្បាស់​សឹម​ចុះ​ទៅ យក​មក​ទុក លុះ​ព្រឹក​ឡើង​ខ្ញុំ​ចុះ​ទៅ​យក​ស្រាប់​តែ​ឃើញ​ប្រាក់​ណែន​ពេញ​សំបក​ក្ដាម​ ខ្ញុំ​ក៏​យក​មកជូន​អ្នក” ។ ប្ដី​មាន​អំណរ​ពន់​ប្រមាណ ហើយ​និយាយ​ប្រាប់​ប្រពន្ធ​ថា ពី​ថ្ងៃ​នេះ​ត​ទៅ​បង​ឈប់​ទៅ​ជី​ក្ដាម​ទៀត​ហើយ ។ ប្រពន្ធ​អរណាស់ ។ អ្នក​ទាំង​ពីរ​ប្ដី​ប្រពន្ធ វេលា​យប់​កាល​ណា​នាំ​គ្នា​ទម្លាក់​ប្រាក់​ទៅ​ចំ​សំបក​ក្ដាម​ធំ ព្រឹក​ឡើង​ចុះ​ទៅ​មើល​ឃើញ​ប្រាក់​ពេញ​សំបក​ក្ដាម​នោះ​ក៏​យក​មក​ពុក​រៀងរាល់​ ថ្ងៃ បើ​ទម្លាក់​ប្រាក់​រៀល​ព្រឹក​ឡើង​ឃើញ​ប្រាក់​រៀល បើ​ទម្លាក់​ប្រាក់​ណែន ព្រឹក​ឡើង​ឃើញ​ប្រាក់​ណែន បើ​ទម្លាក់​គ្រឿង​មាស​ពេជ្រ ព្រឹក​ឡើង​ឃើញ​គ្រឿង​មាស​ពេជ្រ​ពេញ​សំបក​ក្ដាម ។ អ្នក​ទាំង​ពីរ​ប្រព្រឹត្ត​យ៉ាង​នេះ​ចំនួន​មួយ​ឆ្នាំ ប្រាក់​និង​គ្រឿង​ប្រដាប់​មាន​ច្រើន​ណាស់​រាប់​មិន​អស់ ទើប​ព្រឹក្សា​គ្នា​ថា “ប្រាក់​យើង​មាន​ច្រើន​ម៉្លេះ​យើង​បាន​អ្វី​ទុក​ប្រាក់​និង​គ្រឿង​ប្រដាប់​ទាំង​នេះ” ហើយ​នាំ​គ្នា​យក​ប្រាក់​និង​គ្រឿង​ប្រដាប់​ទាំងអស់​ទៅ​ជីក​ដី​កប់​ទុក​ច្រើន​អន្លើ ។

ក្រោយ​ពី​ថ្ងៃ​នោះ​មក អ្នក​ទាំង​ពីរ​ប្ដី​ប្រពន្ធ​នាំ​គ្នា​ទៅ​សួរ​មហា​សេដ្ឋី​ជា​មាតាបិតា ទៅ​ដល់​បង​ស្រី​ទាំង​អស់​បាន​ឃើញ​ជេរ​ថា “មេ ​ចោរ​ចង្រៃ​ឯង​នាំ​ប្ដី​កំសត់​លក់​តែ​ក្ដាម​មក​រក​អី ហង​ឯង​បាន​ឮ​ឬ​ទេ លោក​ឳពុក​បណ្ដែញ​កាត់​ចោល​ហើយ សូម្បី​តែ​ក្នុង​ភូមិ​ក៏​ចូល​មិន​បាន​ដែរ មេ​ចង្រៃ​ចេញ​ពី​ភូមិ​ឲ្យ​ឆាប់” ។ នាង​ពៅ​ឆ្លើយ​ថា “បង ​ទាំង​អស់​គ្នា​កុំ​មើល​ងាយ​ខ្ញុំ​ៗ​មក​នេះ​ដើម្បី​សួរ​មាតា​បិតា​ព្រោះ​លោក ​មាន​គុណ​លើ​ខ្ញុំ​ៗ​មិន​សុំ​ទ្រព្យ​សម្បត្តិ​លោក​ទេ​សម្បត្តិ​បង​ឯង​ទាំង​ អស់​ក៏​ខ្ញុំ​មិន​សុំ ខ្ញុំ​មើល​ទៅ​ទ្រព្យ​សម្បត្តិ​បង​ទាំងអស់​គ្នា​មាន​ប៉ុណ្ណេះ ខ្ញុំ​មិន​កោត​មិន​ព្រឺ​ឡើយ សូម្បី​តែ​រោម​ជើង​ខ្ញុំ​មិន​ព្រឺ​ផង” ។

បង​ទាំងអស់​គ្នា​ខឹង​ណាស់ ជេរ​ប្រទេច​ថា “ហង​ឯង​នេះ​អួរ​ណាស់​អញ​មិន​ជឿ​ទេ” ។ នាង​ពៅ​ថា “បើ​មិន​ជឿ​ភ្នាល់​គ្នា​ចុះ” ។ បង​ទាំងអស់​គ្នា​ថា “ភ្នាល់​គ្នា​ដូច​ម្ដេច ?” ។ ឲ្យ​បង​ទាំងអស់​គ្នា​រាប់​ប្រាក់​ខ្ញុំ​មើល​ឲ្យ​អស់​ក្នុង​មួយ​ថ្ងៃ បើ​រាប់​អស់​ខ្ញុំ​ចែក​ឲ្យ​គ្រប់​គ្នា បើ​រាប់​មិន​អស់​ខ្ញុំ​មិន​ឲ្យ​ទេ តែ​ខ្ញុំ​យល់​ថា​កុំ​ថា​ឡើយ​រាប់​មួយ​ថ្ងៃ ទុក​ជា​រាប់​ពីរ​ថ្ងៃ​ ឬ បី​ថ្ងៃ​ក៏​មិន​អស់​ដែរ” ។ បង​ទាំងអស់​នោះ​ឆ្លើយ​ថា “អញ​ព្រម​ទៅ​រាប់ តែ​បើ​ហង​ឯង​កុហក​អញៗ​វាយ​ហង​ឯង​សម្លាប់” ។ នាង​ពៅ​ថា “តាម​ចិត្ត” ។

បង ​ៗ​ក៏​នាំ​គ្នា​ទៅ​រាប់​ប្រាក់​នាង​ពៅ រាប់​តាំង​ពី​ព្រឹក​ទល់​ល្ងាច ក៏​មិន​អស់​នាំ​គ្ាន​ត្រឡប់​មក​ផ្ទះ​វិញ​ជម្រាប​សេដ្ឋី​ជា​មាតាបិតា​ថា “នាង ​ពៅ​ជា​ប្អូន​វា​អួត​ថា​ខ្លួន​វា​មាន​ប្រាក់​ច្រើន ខ្ញុំ​ទាំង​អស់​គ្នា​មិន​ជឿ ហើយ​វា​ថា បើ​មិន​ជឿ​ទេ​ឲ្យ​ទៅ​មើល​ផ្ទះ​វា​ចុះ ខ្ញុំ​ទាំង​អស់​គ្នា​ក៏​ទៅ​មើល​ឃើញ​វា​មាន​ប្រាក់​ច្រើន​មែន​ក៏​ភ្នាល់​នឹង​ វាៗ​ថា បើ​ខ្ញុំ​ទាំងអស់​គ្នា​រាប់​ប្រាក់​វា​ក្នុង​មួយ​ថ្ងៃ​អស់ វា​ឲ្យ​ខ្ញុំ​យក​ចែក​គ្នា​ចុះ បើ​រាប់​មិន​អស់​វា​មិន​ឲ្យ​ទេ នោះ​ខ្ញុំ​ទាំងអស់​គ្នា​រាប់​តាំង​ពី​ព្រឹក​ទល់​ល្ងាច​ក៏​មិន​អស់​ប្រាក់​វា ត្រឡប់​មក​ជម្រាប​លោក​មាតាបិតា​សូម​ជ្រាប” ។ មហា​សេដ្ឋី​បាន​ស្ដាប់​ក៏​ចាត់​ក្រមការ​ឲ្យ​ទៅ​មើល​ប្រាក់​នាង​ពៅ​ឲ្យ​ជាក់​ ច្បាស់ ។ នាង​ពៅ​ក៏​នាំ​ទៅ​មើល​គ្រប់​ទី​កន្លែង ។ ក្រម​ការ​ទាំង​នោះ​បាន​ឃើញ​ប្រាក់​នាង​ពៅ​ច្រើន​ប្រាកដ​មែន ហើយ​ត្រឡប់​មក​ជម្រាប​មហា​សេដ្ឋី​សព្វគ្រប់ ។ មហា​សេដ្ឋី​បាន​ជ្រាប​មាន​ចិត្ត​ត្រេកអរ​ណាស់ ក៏​ចាត់​បម្រើ​ឲ្យ​ទៅ​ហៅ​នាង​ពៅ​និង​កូន​ប្រសារ​មក​ប្រាប់​ថា “កូន​ឯង​មក​នៅ​ជា​មួយ​មាតាបិតា​វិញ​ចុះ” ទើប ​មហា​សេដ្ឋី​បង្គាប់​ក្រមការ​ឲ្យ​កេណ្ឌ​រទេះ​ក្របី​គោ​ជា​ច្រើន ទៅ​ដឹក​ជញ្ជូន​ប្រាក់​និង​ទ្រព្យ​សម្បត្តិ​នាង​ពៅ​យក​មក​ទាំងអស់ ។ លុះ​មហា​សេដ្ឋី​ជា​បិតា​ទទួល​មរណ​ភាព​ទៅ​វេលា​ណា នោះ​ប្ដី​នាង​ពៅ និង ភរិយា​បាន​ធ្វើ​ជា​សេដ្ឋី ជំនួស​បិតា​ត​ទៅ ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងប្រាសាទតាព្រហ្ម – រឿងព្រេងខ្មែរ

រឿងបុរសជីកក្តាម – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *